អាស៊ាន ​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ ​ប្រកួត​បាល់ទាត់​ពិភពលោកWORLD CUP នៅ​ឆ្នាំ២០៣៤

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ប្រទេស​អាស៊ាន​ នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត បាល់ទាត់ ពិភពលោក (world cup) នៅ​ឆ្នាំ ២០៣៤​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ ដឹង​បែបនេះ​នៅក្នុង​សន្និសីទ​អគ្គព្រះរាជអាជ្ញា​អាស៊ាន – ចិន​លើក​ទី ១២ នៅ​ព្រឹក​ថ្ងៃទី ៦ ខែ វិច្ឆិកា ២០១៩ នៅ​ខេត្តសៀមរាប​។​ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា អាស៊ាន​មាន​ចំណុច​រួមមួយ​នៅត្រង់ថា​ឆ្នាំ ២០៣៤​អាស៊ាន​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​បាល់ទាត់​ពិភពលោក ( world cup )​ដែល​ទើបនឹង​ចុះ​ហត្ថ លេខា​រវាង​អាស៊ាន​និង​ហ្វី​ហ្វា​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នៅ​ទីក្រុង​បាងកក​។ សម្តេច​តេ​ជោ​បាន​បន្តថា អាច​ចាត់ទុកថា​ ពេលនោះ​ប្រទេស​ទាំងអស់​នៅក្នុង​អាស៊ាន​នឹង​ក្លាយទៅជា​កន្លែង​តែមួយ​សម្រាប់​ការប្រកួត​បាល់ទាត់​ពិភពលោក ហើយ​អាច​អាស៊ាន​បង្កើតជា​ក្រុមបាល់ទាត់ ១ ដែល​ប្រកួត​នឹង​ប្រទេស​ដទៃ​។ កម្ពុជា​អាចមាន​ម្នាក់ ថៃ​អាចមាន​ពីរ​នាក់ វៀតណាម​អាចមាន​ពីរ​នាក់​និង មកពី​ប្រទេស​ផ្សេងទៀត​ចូលរួម ត្រង់​ឈ្នះ​ឬ​ចាញ់​យើង​មិនដឹង​ទេ ប៉ុន្តែ​នេះ​ជា​អត្តសញ្ញាណប័ណ្ណ​អាស៊ាន​វា​ជា​ចំណុចរួម​អាស៊ាន​ដែល​អាចធ្វើ​ទៅរួច​មុន គេ​គឺ​ការបង្កើត​ក្រុមកីឡា​បាល់ទាត់​អាស៊ាន​តែម្ដង​។​ គួររំលឹកថា ប្រមុខរដ្ឋ​-​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​អាស៊ាន​និង​សមាគម​នៃ​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ដែល​ចុះហត្ថលេខា​ដោយ​លោក​អគ្គលេខាធិការ​អាស៊ាន​ជាមួយនឹង​ប្រធាន​សហព័ន្ធ កីឡាបាល់ទាត់​ពិភពលោក​កាលពី​ថ្ងៃទី ២ ខែវិច្ឆិកា ២០១៩ នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ។ នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​អាស៊ាន​និង​សមាគម​នៃ សហព័ន្ធ​បាល់ទាត់​ពិភពលោក​ក្នុងការ​រួមចំណែក​បណ្តុះ​បណ្តាល​ធនធានមនុស្ស​លើ​វិស័យ​កីឡា​បាល់ទាត់​ក្នុងចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ឲ្យ​កាន់​តែមាន​ភាព​ប្រកួតប្រជែង​ទ្វេ​ឡើង​ថែមទៀត ពិសេស​ជាមួយនឹង​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​នឹង​ប្រទេស​ក្នុង​ទ្វីប​ដទៃទៀត​ក្នុង​ពិភពលោក​៕

អានបន្ត